ការជាប់ទោសទណ្ឌចំពោះការប្រើប្រាស់អំពើហិង្សាក្នុងគ្រសារ

ដោយកញ្ញា មួង វណ្ណឌី

ខណៈដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ បញ្ហាសង្គមជាច្រើនបានកើតមានឡើង ដែលក្នុងនោះ អំពើហិង្សាក្នុងគ្រួសារក៏ជាចំណុចក្តៅមួយដែរ។

បើទោះជានៅក្នុងច្បាប់របស់ប្រទេសកម្ពុជា អំពើហិង្សាក្នុងគ្រួសារត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ក៏ដោយ ក៏បញ្ហានេះតែងតែកើតមានជាញឹកញាប់ ហើយមានលក្ខណៈខុសៗគ្នាទៅតាមស្ថានភាពរបស់គ្រូសារនីមួយៗ ដូចជាការប្រព្រឹត្តដែលបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរ ស្រាល ហើយមានករណីខ្លះបានបង្ករឲ្យបាត់បង់ជីវិតផងដែរ។

ជារៀងរាល់ថ្ងៃ នៅលើទំព័រសារព័ត៌មានក្នុងស្រុក មានចុះផ្សាយពីបញ្ហាហិង្សាក្នុងគ្រួសារស្ទើរតែរាល់លេខដោយប្តីវាយប្រពន្ធ ប្រពន្ធវាយប្តី បងវាយប្អូន ប្អូនកាប់បង។ល។ និង។ល។ ជាទូទៅ អំពើហឹង្សាក្នុងគ្រួសាររួមមាន ការប្រើប្រាស់អំពើហឹង្សាខាងផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និង ខាងផ្លូវសេដ្ឋកិច្ទ៕

លោកស្រី គា សុផល មន្រី្តផ្នែកច្បាប់របស់សមាគមអាតហុក (ADHOC) បានឲ្យដឹងថាតាមផ្លូវច្បាប់គ្រប់អំពើហិង្សាទាំងអស់ដែលប្រព្រឹត្តខុសឬបំពានទៅលើអ្នកដទៃ មិនថាជាបី្តឬជាប្រពន្ធក៏គឺត្រូវតែមានទោស។

លោកស្រីបន្តថា ករណីខាងលើនេះ អ្នកប្រព្រឹត្ត ឬអ្នកបង្កររបួសស្នាមក្នុងអំពើហិង្សាត្រូវបានដាក់ទោសទណ្ឌ ដែលមានចែងនៅក្នុងមាត្រានៃច្បាប់សី្តពីការប្រើប្រាស់អំពើហឹង្សាបង្ហាញពីការ ការវាយដំនៅក្នុងក្រមព្រហ្មទណ្ឌដែលចូលជាធរមាន។

តែទោះបីជាយ៉ាងនេះក្តី ក៏មានមាត្រាបន្ធូរបន្ថយទោសដល់បទល្មើសណាដែលគេរកឃើញថា ចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បតិ្ត ប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬ ដែលនឹងកើតមាន និង គ្មានវិសមាមាត្រារវាងមធ្យាបាយការពារ និងទម្ងន់នៃគ្រោះថ្នាក់។

លោកស្រីបន្តថា មានតែចៅក្រម និងព្រះរាជអាជ្ញាទេ ដែលមានសិទ្ធិក្នុងការដាក់ទោស និងការចេញដឹការវិនិច្ជ័យទោសដល់អ្នកបង្ករ បើទោះជាអ្នកបង្ករនោះជានរណាក៏ដោយ ដោយលោកស្រីបំភ្លឺថា កាលបើកើតមានអំពើហឹង្សាក្នុងគ្រួសារជាលើកដំបូង បើប្រពន្ធជាជនរងគ្រោះមិនប្តឹងទេ នោះបី្តរបស់គាត់អាចគ្មានទោស តែបើមានការប្រើហឹង្សានេះម្តងទៀត គឺប្តីត្រូវតែទទួលទោស បើទោះជាគ្មានការបឹ្តងពីប្រពន្ធក៏ដោយ នេះបើយោងតាមច្បាប់។

លោកស្រីពន្យល់បន្ថែម មានករណីខ្លះ ប្រពន្ធបានប្តឹងប្តីដែលជាអ្នកបង្ករហិង្សា ហើយនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនប្តីរបស់គាត់រួចមក ក្រោយមកគាត់បែរទៅសុំឲ្យបី្តរបស់គាត់រួចផុតពីទោសបទចោទខាងព្រហ្មទណ្ឌទៅវិញ ហើយករណីនេះ តុលាការអាចពិចារណាបានតាមហេតុផលរបស់ប្រពន្ធ ប៉ុន្តែមិនអាចឲ្យមានករណីនេះកើតឡើងជាថ្មីនោះទេ។

លោកស្រី រស់ សុភាពនាយិកាប្រតិបត្តិនៃអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា មានប្រសាសន៍ថា ការប្រើប្រាស់អំពើហឹង្សារវាងបី្ត និងប្រពន្ធ ដូចករណីខាងលើនេះ គឺអាស្រ័យទៅលើម្ចាស់ភាគីទាំងសងខាង គឺការសម្រេចចិត្តថាតើគាត់ចង់បឹ្តងដែរឬក៏អត់ ដោយការបឹ្តងនេះរួមមាន ការសរសេរពាក្យបណ្តឹងបញ្ជាក់ពីមូលហេតុ ប្តឹងដើម្បីអី្វ ហើយជនរងគ្រោះជាអ្នកសម្រេចចិត្ត ដោយអ្នកដទៃមិនអាចសម្រេចជំនួសបាននោះទេ។

លោកស្រីបានបន្ថែម «ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារគឺ វាខុសទាំងស្រុងហើយ ប៉ុន្តែត្រូវអាស្រ័យទៅលើច្បាប់អំពើហឹង្សា និងកិច្ចការពារជនរងគ្រោះ ទើបគិតទៅដល់ច្បាប់ក្រមព្រហ្មទណ្ឌ»៕

Leave a comment