«យុទ្ធនាការបុរសល្អ» ជួយទប់ស្កាត់អំពើហិង្សាលើស្ត្រី

ដោយ មួង វណ្ណឌី

រូបថត Good Men Campaign

ភ្នំពេញ៖ យោងតាមទិន្នន័យនៃការសិក្សាស្រាវជ្រាវរបស់ក្រសួងកិច្ទការនារីដែលសហការជាមួយអង្គការ GIZ របស់ប្រទេសអាល្លីម៉ង់នៅប៉ុន្មានឆ្នាំមុននេះបានបង្ហាញថា ស្ត្រីដែលជាភរិយាចំនួន ៦៤% បានទទួលអំពើហឹង្សាពីបុរសជាប្តីនៅក្នុងសង្គមគ្រួសារ។

ដោយសារតែបញ្ហានេះ ក្រសួងកិច្ទការនារី ស្ថាប័នរាជរដ្ឋាភិបាលនានា និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ដោយរួមទាំងអង្គការ Trocaire ផងបានបើកយុទ្ធការ និងធ្វើសកម្មភាពជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់យ៉ាងសកម្មចំពោះការប្រើប្រាស់អំពើហឹង្សាទៅលើស្ត្រី ។

យុទ្ធនាការ និងសកម្មភាពទាំងនេះបានធ្វើឡើងក្នុងគោលបំណងតែមួយគឺដោះស្រាយទាក់ទងទៅនឹងការបង្ការអំពើហឹង្សាទៅលើស្ត្រី ជាពិសេសឲ្យមានការចូលរួមសហការពីមន្រ្តីអាជ្ញាធរមូលដ្ឋាន និងសហគមន៍ទៅតាមទីជនបទ។

នៅក្នុងចំណោមយុទ្ធការទាំងអស់ មានយុទ្ធការមួយដែលមានឈ្មោះថា «យុទ្ធការបុរសពិត» ដែលបានធ្វើឡើងឲ្យមានការចួលរួមបង្ការអំពើហឹង្សាពីសំណាក់មនុស្សគ្រប់រូប និងចលនាឲ្យសង្គមចូលរួមជួយបំបាត់អំពើហឹង្សា។

លោក សុខ សុគន្ធា មន្ត្រីទំនាក់ទំនាក់នៅក្នុងយុទ្ធការបុរសល្អ បាននិយាយថា «យុទ្ធការនេះបានដំណើរការតាំងពីចុងឆ្នាំ ២០១១។ កន្លងមក យើងបានផ្សព្វផ្សាយពីគោលបំណងទាំង៨របស់យុទ្ធការនេះដល់ប្រជាជននៅតាមខេត្តចំនួន ៤ ហើយក៏មានគម្រោងទៅតាមបណ្តាខេត្តជាច្រើនបន្តទៀតផងដែរ»។

លោកបានបន្តថា យុទ្ធការនេះមានលក្ខណៈខុសប្លែកពីយុទ្ធការ និងអង្គការនានាដែលធ្វើសកម្មភាពភាគច្រើនជាមួយស្ត្រី ប៉ុន្តែយុទ្ធការបុរសល្អ គឺមានគោលបំណងពិសេសទៅធ្វើសកម្មភាពជាមួយនឹងបុរស ដោយហេតុថា ការចុះទៅអប់រំ និងផ្សព្វផ្សាយទៅដល់បុរស គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ដើម្បីឲ្យបុរសទំាងអស់បានយល់ដឹង និង ធ្វើយ៉ាងណាឲ្យក្លាយទៅជាបុរសល្អមួយរូបនៅក្នុងសង្គម។

លោក សុគន្ធា បានបញ្ជាក់ថា «ជាពិសេសទៅទៀតនោះ គឺការអនុវត្តទៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ពត៌មានទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ និងយល់ដឹងពីការបង្កើតយុទ្ធការប្រឆាំងនឹងការប្រើប្រាស់អំពើហឹង្សាទៅលើស្ត្រីដែលផ្តោតសំខាន់់។ គោលបំណងធំគឺ ការទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាទៅលើស្ត្រី និងដើម្បីលើកទឹកចិត្តបុរសឲ្យក្លាយទៅជាឪពុកល្អ កូនល្អ និង ពលរដ្ឋល្អ»។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការ យេនឌ័រ និង ការអភិវឌ្ឍន៍ដើម្បីកម្ពុជាហៅកាត់ថា (GADC) បានមានប្រសាសន៍ «ក្រុមការងាររបស់យើងបានធ្វើសកម្មភាពពីរ ក្នុងចំណោមសកម្មភាពជាច្រើន ដែលធ្វើទាក់ទងទៅនឹង ការចុះអបរំ ដល់ប្រជាពលរដ្ឋចំនួន ៤ ខេត្តធំៗ ដូចជា បាត់ដំបង ពោធិសាតិ៏ កំពង់ឆ្នាំង និង ព្រៃវែង »។

លោកស្រីបន្តថា សកម្មភាពទាំងនេះ រួមញ្ចូលចំណេះដឹងផ្នែកច្បាប់អំពីអំពើហិង្សាក្នុងគ្រួសារ   ហើយសកម្មភាពទាំងមូលមានការចូលរួមពី ទស្សនៈបុរស និងការពង្រឺងអំណាចស្ត្រីតាមរយៈចំនេះដឹងច្បាប់នេះដូចជា មានការបង្កើតនូវជនបង្គោលស្ត្រី និង បុរសត្រូវបានបែងចែកសកម្មភាព ដើម្បីងាយស្រួលដល់ការ ចែករំឡែកចំនេះដឹង ដោយហេតុថាបុរសអាចយល់ពីបុរសបានច្រើនជាងស្ត្រីអប់រំ  ក៏ដូចគ្នានឹងស្ត្រីដែលអាចយល់ពីស្ត្រីបានច្រើនជាងបុរស។

ការចូលរួមសហការយ៉ាងសកម្មរបស់ អង្គការក្នុង និង ក្រៅ រដ្ឋាភិបាល និង យុទ្ធនាការនានានៅក្នុងប្រទេសកម្ពុជា គឺជាសកម្មភាពចំបងមួយ ក្នុងការបង្ការការប្រើប្រាស់អំពើហិង្សាក្នុងសង្គមទាំងមូល។

កាលពីដើមឆ្នាំ ២០១២ នេះ អង្គការ Trocaire ក៏បានជួយបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានទាំងផ្នែកបោះពុម្ព ទាំងវិទ្យុ និងតាមគេហទំព័រ និងក្រុមនិសិត្សសារព័ត៌មានចំនួន ១៥ នាក់ ដើម្បីឲ្យពួកគេជួយផ្សព្វផ្សាយព័ត៌មានដល់សាធារណជនពីផលវិបាកដែលបណ្តាលមកពីការប្រើអំពើហិង្សាក្នុងគ្រួសារ៕

Leave a comment